កម្មវិធីទទួលបដិសណ្ឋារកិច្ចសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកូប មកទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យជាតិមានជ័យ

កម្មវិធីទទួលបដិសណ្ឋារកិច្ចសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកូប មកទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យជាតិមានជ័យ

នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំកម្មវិធី ទទួលបដិសណ្ឋារកិច្ចសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកូប ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់អំពីបរិយាកាសសិក្សា កម្មវិធីបណ្តុះបណ្តាល និងជម្រើសជំនាញនៅថ្នាក់ឧត្តមសិក្សា។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ ព្រមទាំងមានការចូលរួមពី គណៈគ្រប់គ្រង ព្រឹទ្ធបុរស/ព្រឹទ្ធបុរសរង លោកគ្រូ អ្នកគ្រូ និងមន្ត្រីពាក់ព័ន្ធ ដែលបានធ្វើការស្វាគមន៍ និងផ្តល់ព័ត៌មានសំខាន់ៗជូនដល់សិស្សានុសិស្ស។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានធ្វើការណែនាំអំពី មហាវិទ្យាល័យ និងមុខជំនាញសិក្សាផ្សេងៗ ដែលកំពុងបណ្តុះបណ្តាលនៅសាកលវិទ្យាល័យជាតិមានជ័យ ដូចជា៖
១. មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា
1. អក្សរសាស្ត្រខ្មែរ
2. ភាសាអង់គ្លេស
3. ភាសាចិន
4. ភាសាកូរ៉េ
២. មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
1. អភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ និងទូរស័ព្ទដៃ
2. គ្រប់គ្រងបណ្តាញកុំព្យូទ័រ
៣. មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ
1. កសិឧស្សាហកម្ម
2. ក្សេត្រសាស្ត្រ
3. បសុពេទ្យ
4. គ្រឿងយន្តកសិកម្ម
៤. មហាវិទ្យាល័យសង្គមសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍
1. រដ្ឋបាលសាធារណៈ
2. នីតិសាស្ត្រ (ច្បាប់)
៥. មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍
1. គ្រប់គ្រងពាណិជ្ជកម្ម
2. គណនេយ្យ និងហិរញ្ញវត្ថុ
3. សហគ្រិនភាព និងធុរកិច្ច
4. គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច

ក្នុងកម្មវិធីនេះផងដែរ សិស្សានុសិស្សថ្នាក់ទី១២ បានចូលរួមយ៉ាងសកម្មក្នុង វគ្គសំណួរ និងចម្លើយ (Q&A) ដោយបានលើកឡើងនូវសំណួរជាច្រើនពាក់ព័ន្ធនឹងការជ្រើសរើសជំនាញសិក្សា លក្ខខណ្ឌការចូលរៀន ឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា និងបទពិសោធជីវិតនិស្សិតនៅសាកលវិទ្យាល័យ។ ការឆ្លើយតបពីថ្នាក់ដឹកនាំ និងលោកព្រឹទ្ធបុរស បានផ្តល់ការណែនាំ និងព័ត៌មានមានតម្លៃ ដើម្បីជួយឲ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់អំពី ការរៀបចំផែនការសិក្សា និងអនាគតវិជ្ជាជីវៈរបស់ខ្លួន។

កម្មវិធីនេះក៏មានការថតរូបអនុស្សាវរីយ៍ និងដំណើរទស្សនកិច្ចជុំវិញបរិវេណសាកលវិទ្យាល័យ ដែលធ្វើឱ្យសិស្សានុសិស្សបានស្គាល់កាន់តែច្បាស់អំពីបរិយាកាសសិក្សា និងសកម្មភាពនានានៅក្នុងសាកលវិទ្យាល័យ។

ក្នុងឱកាសនេះផងដែរ សាកលវិទ្យាល័យជាតិមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យកូប ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សា និងបង្កើនទំនាក់ទំនងសហការល្អរវាងស្ថាប័នទាំងពីរ។

សាកលវិទ្យាល័យជាតិមានជ័យ សូមជូនពរសិស្សានុសិស្សទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងការប្រឡងបាក់ឌុបនាពេលខាងមុខ និងសង្ឃឹមថានឹងបានស្វាគមន៍សិស្សានុសិស្សទាំងអស់មកបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សានៅថ្ងៃអនាគត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *