សាកលវិទ្យាល័យមានជ័យត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដោយគំនិតផ្តួចផ្តើមប្រកបដោយឧត្តមគតិថ្លៃថ្លារបស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវឧកញ៉ា ហេម ចិត្តា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្សក្នុងតំបន់ព្រំដែនដែលធ្លាប់ជាសមរភូមិបង្ហូរឈាម ឱ្យក្លាយជាតំបន់ព្រំដែនដែលមានវិបុលភាពខាងសេដ្ឋកិច្ចនិងសង្គម។
សាកលវិទ្យាល័យមានជ័យបានបើកបវេសនកាលឆ្នាំសិក្សាដំបូងនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០០៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សាកលវិទ្យាល័យមានជ័យត្រូវបានប្តូរឈ្មោះមកជាសាកលវិទ្យាល័យជាតិមានជ័យ (អក្សរកាត់ស.ជ.ម.) និងជាភាសាអង់គ្លេស National Meanchey University (អក្សរកាត់ N.M.U) ដោយអនុក្រឹត្យលេខ២០៧ អនក្រ.បក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យមានជ័យឆ្នាំ២០២០ ក្រោមកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យ២០២០ ដែលអនុម័តដោយ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងក្រោមការដឹកនាំកំណែទម្រង់ផ្ទាល់ដោយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាកលវិទ្យាល័យជាតិមានជ័យ។
សាកលវិទ្យាល័យជាតិមានជ័យបាននិងកំពុងផ្តល់ជូននូវកម្មវិធីអប់រំផ្សេងៗគ្នាចាប់ពីថ្នាក់បរិញ្ញាបត្ររងរហូតដល់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញឯកទេសចំនួន១៧ តាមរយៈមហាវិទ្យាល័យធំៗចំនួន៥ ដែលរួមមាន (១)មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា (២)មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងទេសចរណ៍ (៣)មហាវិទ្យាល័យកសិកម្មនិងកែច្នៃអាហារ (៤)មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (៥)មហាវិទ្យាល័យសង្គមសាស្ត្រនិងអភិវឌ្ឍន៍សហគមន៍ និងសាលាក្រោយឧត្តម (សាកលវិទ្យាល័យមានជ័យ, ២០២០)។
ក្នុងរយៈកាលជាង១០ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យជាតិមានជ័យមានបណ្តុះបណ្តាលធនធានមនុស្សជាង៣០០០នាក់ដែលបាននិងកំពុងធ្វើការនៅទូទាំងប្រទេសកម្ពុជា និងមួយចំនួនតូចក៏បានចេញទៅធ្វើការងារនៅឯបរទេសដូចជាប្រទេសថៃ កូរ៉េ ជប៉ុន និងអ៊ីស្រាអែល។ ធនធានមនុស្សដែលបានទទួលការបណ្តុះបណ្តាលពីសាកលវិទ្យាល័យតែងតែទទួលបានការទទួលស្គាល់លើគុណភាព ក្រមសីលធម៌ការងារ និងទំនាក់ទំនង ។