នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំពិធីបើក ដំណើរការកម្មវិធីប្រកួតប្រជែងធ្វើគំរូអាជីវកម្មនៃកម្មវិធីសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣ ក្រោមអធិបតីភាព លោក ផុន សុវិន សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ និង លោក ពក បញ្ញាពេជ្រ អ្នកឯកទ្ទេសអភិវឌ្ឍន៍សហគ្រិនភាពនិងនវានុវត្តន៍ ព្រមទាំងសហការី តំណាងសហគ្រិនខ្មែរ ដែលមានការចូលរួមពីព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធានដេប៉ាតឺម៉ង់ លោកគ្រូ អ្នកគ្រូ និស្សិតរបស់សាកលវិទ្យាល័យជាតិមានជ័យនិងសិស្សវិទ្យាល័យ ចូលរួមប្រមាណ២១០នាក់ ក្នុងនោះបេក្ខជនដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងគំរូអាជីវកម្មចំនួន៦០នាក់។
សូមបញ្ជាក់ថា<<កម្មវិធីការប្រកួតប្រជែងគំរូអាជីវកម្ម>> គឺជាកម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur)សម្រាប់ប្អូនៗនិស្សិតនៃសាកលវិទ្យាល័យដែលមកពីជំនាញផ្សេងៗគ្នា ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាពនិងសហគ្រិនភាព ដែលជាកម្មភាពមួយនៃការផ្សាភ្ជាប់រវាងផ្នែកទ្រឹស្តីសិក្សាមកការអនុវត្តជាក់ស្តែង ដែលជួយជម្រុញប្រែក្លាយគំនិតច្នៃប្រឌិតរបស់និស្សិត ឱ្យក្លាយទៅជាផលិតផលឬសេវាកម្ម ដែលអាចដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជនក្នុងសហគមន៍ វិស័យសាធារណៈ និង វិស័យឯកជន ។