សាកលវិទ្យាល័យជាតិមានជ័យ ជាគ្រឹះស្ថានអប់រំឧត្តមសិក្សាសាធារណៈមួយដែលស្ថិតនៅក្នុងទីរួមខេត្តបន្ទាយមានជ័យ បានផ្តួចផ្តើមស្ថាបនាដោយ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ម៉ៅម៉ាល័យ ព្រមទាំងសប្បុរសជនជាតិនិងអន្តរជាតិ និងបានអនុញ្ញាតឱ្យដំណើរការដោយអនុក្រឹត្យលេខ ២០អនក្រ.បក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៧ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះដឹងជំនាញការស្រាវជ្រាវនិងនវានុវត្តន៍ប្រកបដោយឧត្តមភាពឆ្លើយតបតម្រូវការទីផ្សារការងារជាតិនិងអន្តរជាតិ។
តំាងពីចាប់ផ្តើមដំណើរការមកដល់ពេលនេះ សាកលវិទ្យាល័យជាតិមានជ័យបាននិងកំពុងបន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដោយបានផលិតធនធានមនុស្សបម្រើការងារក្នុងស្ថាប័នសាធារណៈ និងឯកជននានាក្នុងប្រទេសនិងមួយចំនួនទៀតកំពុងបម្រើការងារនៅក្រៅប្រទេស។
តាមរយៈការអនុវត្តកំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យ ឆ្នាំ២០២០ និងកិច្ចខិតខំប្រឹងប្រែងចូលរួមរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងឆ្នាំសិក្សា២០២០-២០២១ សាកលវិទ្យាល័យបានទទួលនូវទំនុកចិត្តខ្ពស់ពីសាធារណជននិងទទួលបានកំណើននិស្សិតច្រើនជិតបីដងបើប្រៀបធៀបនឹងឆ្នាំសិក្សាចាស់។ ក្នុងនោះដែរសាកលវិទ្យាល័យជាតិមានជ័យក៏បាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈរូបវន្តសិក្សា និងអភិបាលកិច្ចល្អសំដៅបង្កើនគុណភាពនៃការបណ្តុះបណ្តាលនិងការឆ្លើយតបទៅនឹងទីផ្សារពលកម្មដែលមានលក្ខណៈប្រកួតប្រជែង។
ដើម្បីឆ្លើយតបទៅនឹងការវិវត្តរបស់ពិភពលោកឆ្ពោះទៅរកឧស្សាហកម្មទី៤ បរិបទនៃការអប់រំពិភពលោកដែលបានកំណត់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា-ដំណាក់កាលទី៤ នៃនីតិកាលទី៦នៃរដ្ឋសភាដែលកំណត់យកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ និងចក្ខុវិស័យឧត្តមសិក្សាឆ្នាំ២០៣០។