នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំពិធីបិទកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលកំណែទម្រង់រយៈពេល១ឆ្នាំ (២០២២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មការដឹកនាំកំណែទម្រង់នៃសាកលវិទ្យាល័យជាតិមានជ័យ។ បន្ទាប់ពី ឯកឧត្តម សុខ ឃន ប្រធានគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិមានជ័យ បានធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពការងារកំណែទម្រង់រយៈពេល១ឆ្នាំមក ឯកឧត្តម ស សុខា បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលកំណែទម្រង់ដែលសម្រេចតាមផែនការ និងកោតសរសើរពីការចូលរួមរបស់គណៈទ្រទ្រង់ គណៈកម្មការដឹកនាំកំណែទម្រង់ គណៈគ្រប់គ្រង មន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ដែលបានខិតខំបំពេញការងារបានយ៉ាងល្អប្រសើរ ដោយប្រើកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាចូលរួមធ្វើកំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យប្រកបដោយភាពជោគជ័យគួរជាទីមោទនៈ។