សាកលវិទ្យាល័យមានជ័យត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដោយអនុក្រឹត្យលេខ១២ អនក្រ.បក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៧ ក្រោមការផ្តួចផ្តើមគំនិតនិងកសាងឡើងដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ។
សាកលវិទ្យាល័យមានជ័យបានបើកបវេសនកាលឆ្នាំសិក្សាដំបូងនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០០៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ក្រោមកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យមានជ័យឆ្នាំ២០២០ សាកលវិទ្យាល័យមានជ័យ ត្រូវបានប្តូរឈ្មោះមកជាសាកលវិទ្យាល័យជាតិមានជ័យ (អក្សរកាត់ ស.ជ.ម.) និងជាភាសាអង់គ្លេស National Meanchey University (អក្សរកាត់ N.M.U) ដោយអនុក្រឹត្យលេខ២០៧ អនក្រ.បក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា។
សាកលវិទ្យាល័យជាតិមានជ័យ មានទីតាំងលើផ្ទៃដីជាង១២ហិកតា ជាគ្រឹះស្ថានសាធារណៈក្នុងខេត្តបន្ទាយមានជ័យតែមួយគត់ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាអាណាព្យាបាល និងបានក្លាយជាសាកលវិទ្យាល័យរបស់រដ្ឋដ៏ធំនិងប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយបានបញ្ចូលការស្រាវជ្រាវវប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស ព្រមទាំងលើកស្ទួយអត្តសញ្ញាណជាតិ ដើម្បីធានាភាព ឆ្លើយតបនឹងទីផ្សារការងារក្នុងប្រទេសកម្ពុជានិងក្នុងតំបន់។
សាកលវិទ្យាល័យជាតិមានជ័យផ្តល់ជូនការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង តាមរយៈមហាវិទ្យាល័យចំនួន៥ (១-មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្តនិងភាសា ២-មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ៣-មហាវិទ្យាល័យសង្គមសាស្រ្តនិងអភិវឌ្ឍន៍សហគមន៍ ៤-មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងទេសចរណ៍ និង៥-មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ) និង សាលាក្រោយបរិញ្ញាបត្រ ដែលមានកម្មវិធីសិក្សាលក្ខណៈស្តង់ដាក្នុងបរិបទសាកលភាវរូបនីយកម្មនិងឌីជីថលនីយកម្ម។